ព្រះត្រៃបិដក ភាគ ៧៦
យសោធរាថេរិយាបទាន ទី៨
[២៨] ខ្ញុំជាអ្នកមានឫទ្ធច្រើន មានប្រាជ្ញាច្រើន មាននាងភិក្ខុនីទាំងឡាយ មួយសែនអង្គ ចោមរោមហើយ ចូលទៅគាល់ព្រះសម្ពុទ្ធ។ ថ្វាយបង្គំព្រះសម្ពុទ្ធ និងលក្ខណៈ គឺចក្រនៃព្រះសាស្ដា អង្គុយក្នុងទីសមគួរ ហើយពោលពាក្យនេះថា ខ្ញុំមានវស្សា ៧៨ កន្លងបច្ឆិមវ័យ ខ្ញុំមកដល់ញកហើយ ក្រាបទូលព្រះមហាមុនីថា វ័យរបស់ខ្ញុំចាស់ណាស់ហើយ ជីវិតរបស់ខ្ញុំតិចណាស់ ខ្ញុំនឹងលះបង់ព្រះអង្គហើយទៅ ទីពឹងរបស់ខ្លួន ខ្ញុំបានធ្វើហើយ។ ក្នុងកាលជាបច្ឆិមវ័យ សេចក្ដីស្លាប់កាន់តែរំកិលចូលមកជិត បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំម្ចាស់នឹងដល់នូវនិព្វានក្នុងវេលាយប់ថ្ងៃនេះ។ បពិត្រព្រះមហាមុនី ជាតិ ជរា ព្យាធិ និងមរណៈ មិនមាន ខ្ញុំនឹងដល់នូវបុរីដែលជាទីឥតមានជរា ឥតមានមរណៈ ឥតមានភ័យ មិនមានបច្ច័យតាក់តែងឡើយ។ បពិត្រព្រះមហាមុនី ធម្មតា បរិស័ទទាំងឡាយ តែងចូលទៅអង្គុយជិតព្រះសាស្ដា ដឹងច្បាស់នូវកំហុស និងសេចក្ដីគួរក្នុងទីចំពោះព្រះភក្រ្ត។
ID: 637643975691980359
ទៅកាន់ទំព័រ៖