ព្រះត្រៃបិដក ភាគ ៧៦
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបញ្ចទីបិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បញ្ចទីបិកាថេរិយាបទាន។
ឧទកទាយិកាថេរិយាបទាន ទី១០
[១០] ខ្ញុំជាស្រីដងទឹក ក្នុងនគរពន្ធុមតី រស់នៅដោយការដងទឹក ចិញ្ចឹមទារកដោយការដងទឹកនោះ។ ឯទេយ្យធម៌របស់ខ្ញុំមិនមាន ខ្ញុំចូលទៅក្នុងបន្ទប់ បានតម្កល់ទុកនូវទឹក ចំពោះបុគ្គលជាបុញ្ញកេ្ខត្តដ៏ប្រសើរ។ ខ្ញុំបានទៅកើតក្នុងឋានតាវត្តឹង្ស ដោយកុសលកម្មដែលខ្ញុំធ្វើល្អហើយនោះ ខ្ញុំមានវិមានខ្ញុំដ៏ល្អ ដែលជាផលនៃការដងទឹក បាននិម្មិតឲ្យ ក្នុងឋានតាវត្តឹង្សនោះ ក្នុងកាលនោះ ខ្ញុំប្រសើរជាងពួកស្រីអប្សរ ១.០០០ នាក់ កាលនោះ ខ្ញុំគ្របសង្កត់នូវស្រីអប្សរទាំងនោះ ដោយហេតុ ១០ យ៉ាង។
ID: 637643927636027424
ទៅកាន់ទំព័រ៖