ព្រះត្រៃបិដក ភាគ ៧៦
សុក្កាថេរិយាបទាន ទី៥
[៣៥] ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះនាយកព្រះនាមវិបស្សី មានព្រះនេត្រដូចមាស ពិចារណាឃើញធម៌ទាំងអស់ កើតឡើងហើយ។ គ្រានោះ ខ្ញុំកើតក្នុងត្រកូលមួយក្នុងនគរពន្ធុមតី បានស្ដាប់ធម៌របស់ព្រះមុនី ហើយចូលទៅកាន់ផ្នួស។ ខ្ញុំជាអ្នកស្ដាប់ច្រើន ចងចាំនូវធម៌ ជាអ្នកមានប្រាជ្ញា មួយទៀត ជាអ្នកពោលពាក្យវិចិត្រ ទាំងជាអ្នកធ្វើតាមសាសនានៃព្រះជិនស្រី។ កាលនោះ ខ្ញុំបានធ្វើនូវធម្មកថា ដើម្បីប្រយោជន៍ដល់ប្រជុំជនគ្រប់កាល លុះខ្ញុំច្យុតចាកអត្តភាពនោះ ក៏ចូលទៅកើតក្នុងឋានតុសិត ជាស្រីមានយស។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រះជិនស្រី ព្រះនាមសិខី រុងរឿងដោយយស ដូចជាភ្លើង ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ កើតឡើងក្នុងលោក។ គ្រានោះ ខ្ញុំបានបួស ជាស្រីវាងវៃក្នុងព្រះពុទ្ធសាសនា ញ៉ាំងព្រះពុទ្ធដីកាព្រះជិនស្រីឲ្យរុងរឿង លុះច្យុតចាកអត្តភាពនោះ ក៏បានទៅកាន់ឋានតាវត្តឹង្ស។
ID: 637643987868386662
ទៅកាន់ទំព័រ៖