ព្រះត្រៃបិដក ភាគ ៧៦

អភិ​រូ​បន​ន្ទា​ថេ​រិយា​បទាន ទី៦


 [៣៦] ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រះ​នាយក​ព្រះនាម​វិបស្សី មាន​ព្រះនេត្រ​ដូចជា​មាស មាន​ចក្ខុ​ក្នុង​ធម៌​ទាំងពួង កើតឡើង។ គ្រានោះ ខ្ញុំ​កើត​ក្នុង​ត្រកូល​ធំ​ស្ដុកស្ដម្ភ ទូលំទូលាយ ក្នុង​ពន្ធុ​មតី​នគរ ជា​ស្រ្ដី​មាន​រូបល្អ គួរ​មហាជន​បូជា។ ខ្ញុំ​បាន​ចូល​ទៅ​គាល់​ព្រះ​លោកនាយក ព្រះនាម​វិបស្សី ទ្រង់​មាន​ព្យាយាម​ធំ បាន​ស្ដាប់ធម៌​ហើយ ដល់​នូវ​ព្រះពុទ្ធ​ជានា​យក​នៃ​ពួក​ជន​ជាទី​ពឹង។ ខ្ញុំ​ជា​អ្នក​សង្រួម​ល្អ ក្នុង​សីល​ទាំងឡាយ កាលដែល​ព្រះ​លោកនាយក ដ៏​ខ្ពង់ខ្ពស់​ជាង​ពួក​ជន ទ្រង់​បរិនិព្វាន​ទៅ​ហើយ ខ្ញុំ​បាន​បូជា​ឆត្រ​មាស តម្កល់​ពី​ខាងលើ​នៃ​ព្រះ​ស្ដូ​បដែល​បញ្ចុះ​ព្រះធាតុ។ ខ្ញុំ​បាន​បរិច្ចាគទាន​រួចផុត​ហើយ ជា​អ្នកមានសីល​ល្អ រស់នៅ​រហូត​កំណត់​អាយុ ក៏បាន​ច្យុត​ចាកទី​នោះ លុះ​ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​នៃ​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស។
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 637643989474636958
ទៅកាន់ទំព័រ៖