ព្រះត្រៃបិដក ភាគ ៧៧
សត្វនេះ នឹងអង្គុយនៅទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ រួចហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ ទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយក៏ចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។ តអំពីនោះមក ព្រះជិនស្រីមានយសច្រើន ទ្រង់ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយបានត្រាស់ដឹងទៀបគល់នៃអស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតនៃព្រះសម្ពុទ្ធនេះ នឹងមានព្រះនាមថាមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ យក្សនេះនឹងបានជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាកបម្រើព្រះជិនស្រីអង្គនេះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។
ID: 637644665629817886
ទៅកាន់ទំព័រ៖