ព្រះត្រៃបិដក ភាគ ៧៧

ព្រះ​អនោមទស្សី​មហាមុនី មាន​ព្រះទ័យ​ស្ងប់ រម្ងាប់ មាន​ព្យាយាម​ច្រើន ដែល​ព្រហ្ម​អារាធនា​ហើយ ទ្រង់​សម្តែង​ធម្មចក្រ​ក្នុង​សុ​ទស្សន​ឧទ្យាន​ដ៏​ឧត្តម។ ព្រះ​ថេរៈ​ឈ្មោះ​និ​សភៈ ១ អនោមៈ ១ ជា​អគ្គសាវ័ក ឯព្រះ​ថេរៈ​ឈ្មោះ​វរុណៈ ជា​ឧបដ្ឋាក​របស់​ព្រះ​សាស្តា​ព្រះនាម​អនោមទស្សី​នោះ។ ព្រះ​ថេរី​ឈ្មោះ​សុន្ទរា ១ សុមនា ១ ជា​អគ្គសាវិកា ឈើ​សម្រាប់​ត្រាស់​ដឹង​នៃ​ព្រះមានព្រះភាគ​អង្គ​នោះ ហៅថា​អជ្ជុន​ព្រឹក្ស (ដើម​អង្គ្រង)។ ឧបាសក​ឈ្មោះ​នន្ទិ​វឌ្ឍ ១ សិរី​វឌ្ឍ ១ ជា​អគ្គ​ឧបដ្ឋាក ឧបាសិកា​ឈ្មោះ​ឧប​លា ១ បទុមា ១ ជា​អគ្គ​ឧបដ្ឋាយិកា។ ព្រះ​មហាមុនី មាន​កំពស់ ៥៨ ហត្ថ ពន្លឺ​នៃ​ព្រះអង្គ​ផ្សាយ​ចេញទៅ ដូច​ព្រះអាទិត្យ​រះ​ឡើង។ ព្រះអង្គ​មាន​ព្រះជន្មាយុ​មួយ​សែន​ឆ្នាំ ជា​កំណត់ ទ្រង់​ឋិតនៅ​អស់​កាល​ដរាប​នោះ ទ្រង់​ញ៉ាំង​ប្រជុំជន​ច្រើន ឲ្យ​ឆ្លង (វដ្តសង្សារ)។
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 637644666336380574
ទៅកាន់ទំព័រ៖