ព្រះត្រៃបិដក ភាគ ៧៧

សីល​នៃ​ព្រះអង្គ ឥតមាន​សីល​នៃ​បុគ្គល​ដទៃ​ស្មើ ទាំង​សមាធិ​ក៏​រក​ទីបំផុត​គ្មាន ព្រះ​ញាណ​ដ៏​ប្រសើរ​នឹង​រាប់​ពុំ​បាន ទាំង​វិមុត្តិ​ក៏​មិន​មាន​ឧបមា។ កាលដែល​ព្រះពុទ្ធ ព្រះ​នាម​បទុមៈ ព្រះអង្គ​នោះ មាន​តេជះ​ថ្លឹង​មិនបាន ទ្រង់​ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ មានការ​ត្រាស់​ដឹង​នូវ​ធម៌​បី​លើក ដែល​ជា​គ្រឿង​បន្សាត់​បង់​នូវ​ងងឹត​ដ៏​ធំ។ គឺ​ព្រះពុទ្ធ ទ្រង់​ញ៉ាំង​សត្វ ១០០ កោដិ ឲ្យ​ត្រាស់​ដឹង ក្នុង​ការ​ត្រាស់​ដឹង​លើក​ទី ១ ព្រះពុទ្ធ​ជា​អ្នកប្រាជ្ញ ទ្រង់​ញ៉ាំង​សត្វ ៩០ កោដិ ឲ្យ​ត្រាស់​ដឹង ក្នុង​ការ​ត្រាស់​ដឹង​ទី ២។ មួយទៀត ព្រះពុទ្ធ ព្រះ​នាម​បទុមៈ ទ្រង់​ទូន្មាន​ព្រះ​ឱរស​របស់​ព្រះអង្គ​ក្នុង​កាលណា កាលនោះ ពួក​សត្វ ៨០ កោដិ ត្រាស់​ដឹង​លើក​ទី ៣។ ព្រះពុទ្ធ​ព្រះ​នាម​បទុមៈ ជាម​ហេ​សី មាន​សាវក​សន្និបាត ៣ លើក គឺ​សន្និបាត​លើក​ទី ១ មាន​ភិក្ខុ​មួយ​សែន​កោដិ។ កាល​កឋិន​ចីវរ​កើតឡើង​ហើយ ក្នុង​សម័យ​ជាទី​ក្រាល​នូវ​កឋិន ភិក្ខុ​ទាំងឡាយ បាន​ដេរ​នូវ​ចីវរ​ដើម្បី​ប្រគេន​ព្រះ​ធម្មសេនាបតី។
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 637644666829192959
ទៅកាន់ទំព័រ៖