ព្រះត្រៃបិដក ភាគ ៧៧
ក្នុងកាលនោះ ភិក្ខុទាំងបីសែនរូបនោះ សុទ្ធតែប្រាសចាកមន្ទិល មានអភិញ្ញា ៦ មានឫទ្ធិច្រើន ជាអ្នកមិនចាលចាញ់ បានមកប្រជុំគ្នា នេះជាសន្និបាតលើកទី ២។ មួយវិញទៀត ព្រះពុទ្ធព្រះនាមបទុមៈអង្គនោះ ទ្រង់ប្រសើរជាងពួកនរៈ ស្តេចចូលទៅកាន់លំនៅក្នុងព្រៃធំ ក្នុងកាលនោះ មានភិក្ខុ ២ សែនរូប ជួបជុំគ្នា នេះជាសន្និបាត លើកទី ៣។ សម័យនោះ តថាគតកើតជាសត្វសីហៈ គ្របសង្កត់លើពួកម្រឹគ បានឃើញព្រះជិនស្រី ព្រះអង្គកំពុងចម្រើននូវវិវេកក្នុងព្រៃធំ។ តថាគត បានថ្វាយបង្គំនូវព្រះបាទទាំងគូដោយសិរ្សៈ ហើយធ្វើប្រទក្សិណព្រះអង្គ រួចបន្លឺឡើងនូវសីហនាទ អស់ ៣ ដង បានបម្រើព្រះជិនស្រីអស់ ៧ ថ្ងៃ។ ព្រះតថាគត ទ្រង់ចេញចាកសមាបត្តិដ៏ប្រសើរ អស់ ៧ ថ្ងៃ ហើយទ្រង់ព្រះចិន្តាដោយព្រះហឫទ័យ រួចទ្រង់ប្រមូលមកនូវភិក្ខុចំនួនមួយកោដិ។ កាលនោះ ព្រះមហាវីរៈនោះ ទ្រង់ព្យាករក្នុងកណ្តាលភិក្ខុសង្ឃទាំងមួយកោដិនោះថា ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ សត្វសីហៈនេះ នឹងបានជាព្រះពុទ្ធ។
ID: 637644667025755470
ទៅកាន់ទំព័រ៖