ព្រះត្រៃបិដក ភាគ ៧៧
សត្វនេះ នឹងចេញចាកក្រុងជាទីត្រេកអរ ឈ្មោះកបិលពស្តុ ហើយតម្កល់សេចក្តីព្យាយាម នឹងធ្វើនូវទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ នឹងសោយនូវបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចចូលទៅទៀបគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេជម្រះហើយ។ លំដាប់នោះ ព្រះពុទ្ធមានយសធំ ទ្រង់ធ្វើនូវការប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់នៃអស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតនៃព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ព្រះសម្ពុទ្ធអង្គនេះ នឹងមានព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ នឹងបានជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ ភិក្ខុជាឧបដ្ឋាក ឈ្មោះអានន្ទ នឹងបម្រើនូវព្រះជិនស្រីអង្គនេះ។
ID: 637644667264817916
ទៅកាន់ទំព័រ៖