ព្រះត្រៃបិដក ភាគ ៧៧
ព្រះនាងខេមា ១ ព្រះនាងឧប្បលវណ្ណា ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ នឹងជាអគ្គសាវិកា។ ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះជន្មាយុនៃព្រះគោតមមានយសអង្គនោះ កំណត់ ១០០ ឆ្នាំ។ ទេវតា និងមនុស្សទាំងឡាយ លុះបានស្តាប់នូវព្រះបន្ទូលនេះ របស់ព្រះពុទ្ធព្រះនាមបទុមៈ ទ្រង់ស្វែងរកនូវគុណធំ រកបុគ្គលស្មើគ្មាន ក៏មានចិត្តត្រេកអរថា សត្វសីហៈនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោឡើង ក៏ប្រព្រឹត្តទៅ ឯមនុស្ស ព្រមទាំងទេវតា ទាំងមួយហ្មឺនលោកធាតុ ក៏ទះដៃសើច ផ្គងអញ្ជលីនមស្ការថា បើពួកយើងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថនេះ ក្នុងកាលជាអនាគត ពួកយើងនឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនេះ ពុំខាន។
ID: 637644667500442989
ទៅកាន់ទំព័រ៖