ព្រះត្រៃបិដក ភាគ ៧៧

មនុស្ស​ទាំងឡាយ កាល​ឆ្លង​នូវ​ស្ទឹង បើ​ឃ្វាង​នូវ​កំពង់​ក្នុង​ទី​ចំពោះមុខ គង់​កាន់​យក​នូវ​កំពង់​ខាងក្រោម ហើយ​ឆ្លង​នូវ​ស្ទឹងធំ​បាន​ដែរ យ៉ាងណា យើង​ទាំងអស់គ្នា បើ​ឃ្វាង​ព្រះ​ជិនស្រី​នេះ ក្នុង​កាល​ជា​អនាគត ពួក​យើង​គង់​នឹង​សម្រេច ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​គោតម​នេះ ក៏​យ៉ាងនោះ​ដែរ។ ឯត​ថា​គត លុះ​បានឮ​ព្រះបន្ទូល​នៃ​ព្រះសម្ពុទ្ធ ទ្រង់ព្រះ​នាម​បទុមៈ​នោះ​ហើយ ក៏​ញ៉ាំ​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្រៃលែង បាន​អធិដ្ឋាន​នូវ​វត្ត​ដ៏​លើសលុប ដោយ​ការ​បំពេញ​នូវ​បារមី​ទាំង ១០។ ព្រះសម្ពុទ្ធ ព្រះ​នាម​បទុមៈ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ មាន​នគរ​ឈ្មោះ​ចម្បកៈ មាន​មហាក្សត្រ ព្រះនាម​អស​មៈ​ជា​បិតា មាន​ព្រះមាតា ព្រះនាម​អស​មា។ ព្រះសម្ពុទ្ធ​ព្រះ​នាម​បទុមៈ​នោះ នៅ​គ្រប់គ្រង​ផ្ទះ​អស់ ១ ហ្មឺន​ឆ្នាំ ប្រាសាទ​ដ៏​ប្រសើរ មាន ៣ ខ្នង គឺ​នន្ទ​ប្រាសាទ ១ វសុ​ប្រាសាទ ១ យស​ត្ត​រប្រា​សាទ ១។ មាន​នារី ៣ ម៉ឺន ៣ ពាន់​រូប សឹង​តាក់តែង​ល្អ ឯនា​រី​ជា​អគ្គមហេសី​នោះ ឈ្មោះ​នាង​ឧត្តរា មាន​ព្រះរាជ​ឱរស​ព្រះ​នា​មរ​ម្មៈ។
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 637644667747475073
ទៅកាន់ទំព័រ៖