ព្រះត្រៃបិដក ភាគ ៧៧
ពួកទេវតា និងពួកទេពកញ្ញា មានចិត្តជ្រះថ្លា មានចិត្តត្រេកអរ បូជាព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងនរៈ ដោយផ្កាមានពណ៌ ៥។ ពួកទេវតាទាំងឡាយ មានចិត្តជ្រះថ្លា មានចិត្តត្រេកអរ ឃើញព្រះអង្គ ក៏នាំគ្នាបូជាព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងនរៈ ដោយផ្កាមានពណ៌ ៥ (ហើយពោលថា) ឱហ្ន៎! អស្ចារ្យចម្លែកណាស់ គួរឲ្យព្រឺរោមក្នុងលោក ឯសេចក្តីអស្ចារ្យគួរឲ្យព្រឺរោមបែបនេះ មិនដែលកើតឡើងសោះឡើយ។ ពួកទេវតាទាំងនោះ អង្គុយក្នុងភពរបស់ខ្លួនៗ រីករាយខ្លាំង ព្រោះឃើញនូវសេចក្តីអស្ចារ្យឰដ៏អាកាស។ ពួកអាកាសដ្ឋកទេវតា ពួកភុម្មដ្ឋកទេវតា និងពួកទេវតាដែលនៅអាស្រ័យឰដ៏ស្មៅ និងឈើជាថ្នាំ ត្រេកអរស្រស់ស្រាយ រីករាយខ្លាំង នាំគ្នាផ្គងអញ្ជលីនមស្ការ។ ទាំងពួកនាគដែលមានអាយុវែង មានបុណ្យច្រើន មានឫទ្ធិច្រើន ក៏រីករាយ ថ្វាយបង្គំបូជាព្រះពុទ្ធដ៏ខ្ពង់ខ្ពស់ជាងនរៈដែរ។
ID: 637644644359484049
ទៅកាន់ទំព័រ៖