ព្រះត្រៃបិដក ភាគ ៧៧
ព្រះជិនស្រី ទ្រង់បានឃើញនូវនិមិត្ត ៤ យ៉ាង ហើយស្តេចចេញមហាភិនិស្ក្រម ដោយយានគឺរថ ទ្រង់តម្កល់នូវព្យាយាមអស់ ៨ ខែគត់។ ព្រះសម្ពុទ្ធព្រះនាមបទុមៈ ជាលោកនាយក ជាមហាវីរៈ ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧទ្យានដ៏ប្រសើរឈ្មោះធនញ្ជៈ។ ភិក្ខុឈ្មោះសាលៈ ១ ឈ្មោះឧបសាលៈ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះវរុណៈ ជាឧបដ្ឋាករបស់ព្រះពុទ្ធព្រះនាមបទុមៈ ទ្រង់ស្វែងរកនូវគុណធំ។ ព្រះនាងរាធា ១ ព្រះនាងសុរាធា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគអង្គនោះ ហៅថាមហាសោណៈ (ដើមម្រំ) ឧបាសកឈ្មោះសភិយៈ ១ ឈ្មោះអសមៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះរុចិ ១ ឈ្មោះនន្ទិមារា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះសម្ពុទ្ធព្រះនាមបទុមៈ ជាមហាមុនី ទ្រង់មានកំពស់ ៥៨ ហត្ថ កម្រងរស្មីនៃព្រះមហាមុនីអង្គនោះ តែងផ្សាយចេញសព្វទិស ទាំងឥតមានអ្វីស្មើ។
ID: 637644667987474196
ទៅកាន់ទំព័រ៖