ព្រះត្រៃបិដក ភាគ ៧៧

លុះ​ព្រះអង្គ​សម្រេច​នូវ​សម្ពោធិ​ហើយ ទើប​ទ្រង់​សម្តែង​នូវ​ធម្មចក្រ សត្វ​មួយ​សែន​កោដិ បាន​ត្រាស់​ដឹង​ជាដំបូង។ ព្រះ​មហាមុនី​ទូន្មាន​ស្តេច​នាគ ឈ្មោះ​មហា​ទោ​ណៈ ក្នុង​កាលនោះ ទ្រង់​ពន្យល់​នូវ​ពួក​មនុស្ស ព្រមទាំង​ទេវតា ហើយ​ទ្រង់​ធ្វើ​នូវ​បាដិហារ្យ។ ក្នុង​កាលនោះ ទេវតា និង​មនុស្ស​ទាំងឡាយ ៩០ ពាន់​កោដិ បាន​ឆ្លងផុត​នូវ​សេចក្តី​សង្ស័យ​ទាំងអស់ ក្នុង​ការប្រកាស​នូវ​ព្រះធម៌​នោះ នេះ​ជា​ការ​ត្រាស់​ដឹង​ទី ២។ ព្រះ​មហា​វីរៈ ទ្រង់​ទូន្មាន​នូវ​បុត្រ​បង្កើត​របស់​ព្រះអង្គ ក្នុង​កាលណា (កាលនោះ) ពួក​សត្វ​ចំនួន ៨០ កោដិ បាន​ត្រាស់​ដឹង​ក្នុង​លើក​ទី ៣។ ព្រះសម្ពុទ្ធ​ព្រះនាម​នារ​ទៈ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ មាន​សាវក​សន្និបាត ៣ លើក គឺ​សន្និបាត​លើកដំបូង មាន​ពួក​ព្រះអរហន្ត​ប្រមាណ​មួយ​សែន​កោដិ។ ព្រះសម្ពុទ្ធ ទ្រង់​ប្រកាស​ពុទ្ធគុណ ព្រមទាំង​និទាន ក្នុង​កាលណា កាលនោះ ព្រះអរហន្ត​ប្រមាណ ៩០ ពាន់​កោដិ ប្រាសចាក​មន្ទិល មក​ប្រជុំ​គ្នា នេះ​ជា​សន្និបាត​លើក​ទី ២។
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 637644668660152467
ទៅកាន់ទំព័រ៖