ព្រះត្រៃបិដក ភាគ ៧៧
នាគរាជឈ្មោះវេរោចនៈ បានថ្វាយទានដល់ព្រះសាស្តា ក្នុងកាលណា កាលនោះ ពួកសាវ័កជាបុត្រនៃព្រះជិនស្រី ប្រមាណ ៨០ សែន បានមកប្រជុំគ្នា (នេះជាសន្និបាតលើកទី ៣)។ សម័យនោះ តថាគតជាតាបស មានផ្នួងសក់ មានព្យាយាមក្លៀវក្លា បានដល់ត្រើយនៃអភិញ្ញាទាំង ៥ ត្រាច់ទៅតាមអាកាសបាន។ គ្រានោះ តថាគតបានញ៉ាំងព្រះសម្ពុទ្ធ ដែលស្មើដោយព្រះពុទ្ធ មិនមានបុគ្គលស្មើ ព្រមទាំងព្រះសង្ឃ និងជនជាបរិស័ទ ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក ហើយបូជាដោយខ្លឹមចន្ទន៍។ គ្រានោះ ព្រះនារទៈ ជាលោកនាយកអង្គនោះ ទ្រង់បានព្យាករតថាគតថា ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះទៅ តាបសនេះ នឹងបានជាព្រះពុទ្ធក្នុងលោក។ សត្វនេះ នឹងចេញចាកក្រុងកបិលពស្តុ ជាទីត្រេកអរ តម្កល់នូវសេចក្តីព្យាយាម ហើយធ្វើទុក្ករកិរិយា។ សត្វនេះ នឹងគង់ទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ រួចចូលទៅកាន់ស្ទឹងនេរញ្ជរា។
ID: 637644668845911681
ទៅកាន់ទំព័រ៖