ព្រះត្រៃបិដក ភាគ ៧៧
ព្រះជិនស្រីអង្គនោះ នឹងសោយនូវបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចចូលមកទៀបគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេតាក់តែងហើយ។ លំដាប់នោះ ព្រះពុទ្ធទ្រង់មានយសធំ នឹងធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹង ទៀបគល់នៃអស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតរបស់ព្រះពុទ្ធនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ព្រះពុទ្ធអង្គនេះ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ នឹងជាអគ្គសាវ័ក ភិក្ខុជាឧបដ្ឋាក ឈ្មោះអានន្ទៈ នឹងបំរើព្រះជិនស្រីនេះ។ នាងខេមា ១ នាងឧប្បលវណ្ណា ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ ទាំងមានចិត្តតាំងមាំ នឹងជាអគ្គសាវិកា។
ID: 637644669050911730
ទៅកាន់ទំព័រ៖