ព្រះត្រៃបិដក ភាគ ៧៧
បើយើងទាំងអស់គ្នា ឃ្វាងព្រះជិនស្រីអង្គនេះ ក្នុងកាលជាអនាគត ពួកយើងគង់នឹងបានសម្រេច ក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនេះ ក៏យ៉ាងនោះដែរ។ តថាគតបានឮព្រះពុទ្ធដីកានៃព្រះពុទ្ធអង្គនោះហើយ ក៏ញ៉ាំងចិត្តឲ្យរីករាយដោយក្រៃលែង បានអធិដ្ឋាននូវវត្តដ៏លើសលុប ដោយការបំពេញនូវបារមីទាំង ១០។ ព្រះពុទ្ធ ព្រះនាមនារទៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាននគរ ឈ្មោះធញ្ញវតី មហាក្សត្រព្រះនាមសុទេវៈ ជាព្រះបិតា ព្រះមាតាព្រះនាមអនោមា។ ព្រះនារទៈនោះ នៅគ្រប់គ្រងផ្ទះ អស់ ៩ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរមាន ៣ ខ្នង គឺជិតប្រាសាទ ១ វិជិតប្រាសាទ ១ អភិរាមប្រាសាទ ១។ មាននារី ៣ - ៤ ពាន់រូប សុទ្ធសឹងស្អិតស្អាងល្អ ព្រះនារី (ដែលជាអគ្គមហេសី) នោះ ព្រះនាមវិជិតសេនា ឯព្រះរាជបុត្រព្រះនាមនន្ទុត្តរៈ។ ព្រះពុទ្ធ ជាបុរសរត្នដ៏ប្រសើរ ទ្រង់ទតឃើញនូវនិមិត្តទាំង ៤ ហើយស្តេចចេញមហាភិនិស្ក្រម ដោយការយាងទៅដោយព្រះបាទផ្ទាល់ ហើយទ្រង់ប្រព្រឹត្តព្យាយាម អស់ ៧ ថ្ងៃ។
ID: 637644669448880618
ទៅកាន់ទំព័រ៖