ព្រះត្រៃបិដក ភាគ ៧៧

ចម្រៀង​ទាំងឡាយ​ប្រព្រឹត្តទៅ​ឰដ៏​អាកាស ជា​ផ្លូវ​នៃ​ខ្យល់ ពួក​ទេវតា​ក៏​វាយ​ស្គរ ព្រោះ​ឃើញ​នូវ​សេចក្តី​អស្ចារ្យ​ឰដ៏​អាកាស ស័ង្ខ ស្រឡៃ សំភោរ​ដ៏​ច្រើន ក៏​ប្រគំ​លាន់ឮ​ឡើង ក្នុង​កណ្តាល​អាកាស ព្រោះ​ឃើញ​នូវ​សេចក្តី​អស្ចារ្យ​ឰដ៏​អាកាស។ ការ​ព្រឺរោម​កើតឡើង​ដល់​ពួក​យើង​ក្នុងថ្ងៃនេះ ចម្លែក​ពេក​ណាស់​ហ្ន៎ ពួក​យើង​បាន​នូវ​ការសម្រេច​ប្រយោជន៍​ដ៏​ទៀងទាត់ ខណៈ ឈ្មោះថា​ពួក​យើង​បាន​ទាន់​ហើយ។ បីតិ​ក៏​កើតឡើង​ដល់​ទេវតា​ទាំងនោះ ក្នុងខណៈនោះ​ឯង ព្រោះ​ឮពាក្យ​ថា​ព្រះពុទ្ធ ទេវតា​ទាំងនោះ ឈរ​ផ្គង​អញ្ជលី ពោល​សរសើរ​ថា ព្រះ​ពុទ្ធៗ។ ពួក​សត្វ​ផ្សេងៗ ផ្គង​អញ្ជលី ញ៉ាំង​សំឡេង​ទ្រហឹងអឺងកង សំឡេង​សាធុការ សំឡេង​ហ៊ោ​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​កណ្តាល​អាកាស។
ទេវតា​ទាំងឡាយ ច្រៀង ហួច ប្រគំ ទះដៃ រាំ ជម្រុះ​នូវ​ផ្កា​មន្ទារ​វៈ មាន​ពណ៌ ៥ ដែល​លាយ​ច្រឡំ​ដោយ​លំអិត​នៃ​ខ្លឹមចន្ទន៍។
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637644644637921379
ទៅកាន់ទំព័រ៖