ព្រះត្រៃបិដក ភាគ ៧៧
ព្រះមាតាបង្កើតនៃព្រះសម្ពុទ្ធ អង្គនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ ឯព្រះសម្ពុទ្ធអង្គនេះ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ ជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ នាងខេមា ១ នាងឧប្បលវណ្ណា ១ ជាអគ្គសាវិកា សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ។ ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគនោះ គេហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តគហបតី ១ ឈ្មោះហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះជន្មាយុរបស់ព្រះគោតមដ៏មានយសអង្គនោះ កំណត់ ១០០ ឆ្នាំ។ ទេវតា និងមនុស្សទាំងឡាយ លុះបានស្តាប់ព្រះបន្ទូលនេះ នៃព្រះសម្ពុទ្ធរកបុគ្គលស្មើគ្មាន ទ្រង់ស្វែងរកនូវគុណដ៏ធំ ហើយក៏ត្រេកអរថា ជដិលនេះ ជាពូជពន្លកនៃព្រះពុទ្ធ។
ID: 637644670756224947
ទៅកាន់ទំព័រ៖