ព្រះត្រៃបិដក ភាគ ៧៧
សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ មនុស្ស ព្រមទាំងទេវតាទាំងមួយហ្មឺនលោកធាតុ ក៏ទះដៃ សើចក្អាកក្អាយ ធ្វើអញ្ជលីនមស្ការថា បើពួកយើងឃ្វាងមគ្គផលក្នុងសាសនា នៃព្រះលោកនាថអង្គនេះ ក្នុងកាលជាអនាគត ពួកយើងគង់នឹងបានសម្រេច ចំពោះព្រះភក្ត្រព្រះគោតមនេះ។ មនុស្សទាំងឡាយ កាលឆ្លងស្ទឹង បើឃ្វាងកំពង់ក្នុងទីចំពោះមុខ គង់កាន់យកនូវកំពង់ខាងក្រោម ហើយឆ្លងនូវស្ទឹងធំបានដែរ យ៉ាងណា។ យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះ ក្នុងកាលជាអនាគត គង់បានសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ។ តថាគតបានឮព្រះបន្ទូលនៃព្រះសម្ពុទ្ធអង្គនោះហើយ បានអធិដ្ឋានវត្តដ៏លើសលុបឡើងទៅ បានធ្វើនូវព្យាយាមដ៏ខ្ពង់ខ្ពស់ មាំមួនដោយការបំពេញនូវបារមីទាំង ១០។ ក្នុងកាលនោះ តិរ្ថិយទាំងពួងអាក់អន់តូចចិត្ត វិនាសខ្ចាត់ខ្ចាយ បរិស័ទពួកខ្លះនៃតិរ្ថិយទាំងនោះ មិនបម្រើតិរ្ថិយទាំងនោះ ក៏នាំគ្នាចៀសចេញចាកដែនទៅ។
ID: 637644670959349637
ទៅកាន់ទំព័រ៖