ព្រះត្រៃបិដក ភាគ ៧៧

តិរ្ថិយ​ទាំងពួង មក​ប្រជុំ​គ្នា​ក្នុង​ទីនោះ ហើយ​បាន​ចូល​ទៅ​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ (ហើយ​ពោល​ថា) បពិត្រ​ព្រះ​មហា​វីរៈ សូម​ព្រះអង្គ​ជាទី​ពឹង​ពំនាក់ (នៃ​យើងខ្ញុំ​ទាំងឡាយ) បពិត្រ​ព្រះអង្គ​មាន​ចក្ខុ សូម​ព្រះអង្គ​ជាទី​រឭក។ ព្រះពុទ្ធ ទ្រង់​អនុគ្រោះ ទ្រង់​ប្រកបដោយ​ករុណា ទ្រង់​ស្វែងរក​ប្រយោជន៍​ដល់​សត្វ​ទាំងពួង ទ្រង់​ញ៉ាំង​តិរ្ថិយ​ទាំងអស់ ដែល​មក​ប្រជុំ​ហើយ ឲ្យ​ឋិតនៅ​ក្នុង​សីល ៥។ សាសនា (របស់​ព្រះសម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ​នោះ) មិន​វឹកវរ ជា​សាសនា​សូន្យ​ចាក​ពួក​តិរ្ថិយ​យ៉ាងនេះ សាសនា​នោះ វិចិត្រ​ហើយដោយ​ព្រះអរហន្ត​ទាំងឡាយ ជា​អ្នកស្ទាត់ជំនាញ ជាតា​ទិ​បុគ្គល។ ព្រះ​សាស្តា ព្រះ​នាម​បទុមុ​ត្ត​រៈ មាន​ព្រះនគរ​ឈ្មោះ​ហង្ស​វតី មាន​មហាក្សត្រ ព្រះនាម​អា​នន្ទៈ ជា​ព្រះបិតា មាន​ព្រះមាតា​ព្រះនាម​សុជាតា។ ព្រះអង្គ​ទ្រង់​នៅ​គ្រប់គ្រង​ផ្ទះ អស់ ៩ ពាន់​ឆ្នាំ ប្រាសាទ​ទាំងឡាយ​ដ៏​ប្រសើរ មាន ៣ ខ្នង គឺ​នារី​ប្រាសាទ ១ ពាហន​ប្រាសាទ ១ យស​វតី​ប្រាសាទ ១។
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 637644671165599719
ទៅកាន់ទំព័រ៖