ព្រះត្រៃបិដក ភាគ ៧៧
មាននារីបីបួនពាន់ តាក់តែងល្អ ឯនារីដែលជាអគ្គមហេសី ឈ្មោះវសុលទត្តា ព្រះរាជបុត្រ ព្រះនាមឧត្តរៈ។ ព្រះជិនស្រីប្រសើរជាងបុរស ទ្រង់ឃើញនូវនិមិត្តទាំង ៤ យ៉ាងហើយ ស្តេចចេញទៅដោយប្រាសាទ ទ្រង់ប្រព្រឹត្តសេចក្តីព្យាយាមអស់ ៧ ថ្ងៃ។ ព្រះបទុមុត្តរសម្ពុទ្ធ ជានាយក ជាមហាវីរបុរស ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧទ្យានដ៏ប្រសើរឈ្មោះមិថិលា។ ភិក្ខុឈ្មោះទេវិលៈ ១ ឈ្មោះសុជាតៈ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះសុមនៈ ជាឧបដ្ឋាករបស់ព្រះសាស្តា ព្រះនាមបទុមុត្តរៈ។ ភិក្ខុនីឈ្មោះអមិតា ១ ឈ្មោះអសមា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគអង្គនោះ ហៅថាសលឡព្រឹក្ស (ដើមស្រល់)។ ឧបាសកឈ្មោះអមិតៈ ១ ឈ្មោះតិស្សៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះហត្ថា ១ សុចិត្តា ១ ជាអគ្គឧបដ្ឋាយិកា។
ID: 637644671439036845
ទៅកាន់ទំព័រ៖