ព្រះត្រៃបិដក ភាគ ៧៧

ព្រះសម្ពុទ្ធ​មហាមុនី ទ្រង់​មាន​កម្ពស់ ៥៨ ហត្ថក្រពុំ មានព្រះអង្គ​ដ៏​ល្អល្អះ ប្រាកដ​ស្មើដោយ​គ្រឿងបូជា ជា​វិការៈ​នៃ​មាស មាន​លក្ខណៈ​ដ៏​ប្រសើរ ៣២ ប្រការ។ ទ្វារ​ក្តី គន្លឹះទ្វារ​ក្តី ជញ្ជាំង​ក្តី ឈើ​ក្តី ភ្នំ​ធំ​ក្តី ជា​គ្រឿង​រាំងរា​នៃ​ព្រះសម្ពុទ្ធ​នោះ ក្នុង​ទី​ប្រមាណ ១២ យោជន៍​ដោយ​ជុំវិញ មិន​មាន​ឡើយ។ ព្រះជន្មាយុ មានកំណត់ ១ សែន​ឆ្នាំ កាល​ព្រះសម្ពុទ្ធ​នោះ ទ្រង់ព្រះ​ជន្មាយុ​នៅ​ដរាប​នោះ ទ្រង់​ញ៉ាំង​ប្រជុំជន​ច្រើន ឲ្យ​ឆ្លង (ចាក​សង្សារ) លុះ​ទ្រង់​ចម្លង​ជន​ជាច្រើន​ហើយ កាត់​នូវ​សេចក្តី​សង្ស័យ​ទាំងពួង ហើយ​បរិនិព្វាន​ជាមួយនឹង​សាវ័ក ដូចជា​គំនរ​ភ្លើង​ដែល​ឆេះ​រុងរឿង ហើយ​រលត់​ទៅ​ដូច្នោះ។ ព្រះពុទ្ធ​ជិនស្រី ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​បរិនិព្វាន​ក្នុង​នន្ទា​រាម ព្រះ​ស្តូប​ដ៏​ប្រសើរ​របស់​ព្រះអង្គ មាន​កម្ពស់ ១២ យោជន៍ (ដែលគេ​សាង​ហើយ) ក្នុង​នន្ទា​រាម​នោះ។

ចប់ បទុមុ​ត្ត​រពុទ្ធវង្ស ទី១០។

ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 637644671669036789
ទៅកាន់ទំព័រ៖