ព្រះត្រៃបិដក ភាគ ៧៧
សុមេធពុទ្ធវង្ស ទី១១
[១២] ក្នុងកាលជាខាងក្រោយ អំពីព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈមក មានព្រះពុទ្ធព្រះនាមសុមេធៈ ព្រះអង្គជានាយក គេគ្របសង្កត់បានដោយក្រ ទ្រង់មានព្រះតេជះដ៏ខ្ពង់ខ្ពស់ ជាព្រះជិនស្រីដ៏ប្រសើរឧត្តមជាងលោកទាំងមូល។ ព្រះអង្គមានព្រះនេត្រថ្លាស្អាត មានព្រះភក្ត្រល្អល្អះ មានព្រះសរីរៈធំ មានព្រះសរីរៈត្រង់ល្អ មានព្រះតេជះ ទ្រង់ស្វែងរកប្រយោជន៍ដល់សត្វទាំងពួង ទ្រង់ញ៉ាំងសត្វទាំងឡាយច្រើន ឲ្យរួចចាកចំណង។ កាលណា ព្រះពុទ្ធទ្រង់បានដល់នូវពោធិញ្ញាណដ៏ឧត្តម សព្វគ្រប់ហើយ ទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងនគរឈ្មោះសុទស្សនៈ។ ក្នុងកាលសម្តែងធម៌ទេសនានៃព្រះពុទ្ធព្រះនាមសុមេធៈអង្គនោះ មានការត្រាស់ដឹង ៣ លើក គឺការត្រាស់ដឹងទី ១ មានពួកសត្វមួយសែនកោដិ។ តមកទៀត ការត្រាស់ដឹងទី ២ មានពួកសត្វប្រមាណ ៩០ ពាន់កោដិ ក្នុងគ្រាដែលព្រះជិនស្រី ទ្រង់ទូន្មានយក្សឈ្មោះកុម្ភកណ្ណៈ។
ID: 637644671929974599
ទៅកាន់ទំព័រ៖