ព្រះត្រៃបិដក ភាគ ៧៧

តថាគត​ថ្វាយ​ទ្រព្យ​ទាំងអស់ ឥតមាន​សេសសល់ ដល់​ព្រះ​លោកនាយក ព្រមទាំង​ព្រះសង្ឃ ហើយ​បាន​យក​ព្រះ​លោកនាយក​នោះ​ជាទី​ពឹង បាន​ពេញចិត្ត​ចំពោះ​បព្វជ្ជា។ គ្រានោះ ព្រះអង្គ​ទ្រង់​ធ្វើ​នូវ​អនុមោទនា ហើយ​ព្យាករ​តថាគត​ថា ក្នុង​កប្ប​ទី ៣០ ពាន់ មាណព​នេះ នឹង​បាន​ជា​ព្រះពុទ្ធ (មួយ​អង្គ)។ សត្វ​នេះ នឹង​ចេញ​ចាក​ក្រុង​កបិលពស្តុ ជាទី​រីករាយ ហើយ​តម្កល់​នូវ​ព្យាយាម ធ្វើ​ទុក្ករកិរិយា។ សត្វ​នេះ នឹង​អង្គុយ​នៅ​ទៀប​គល់​អជ​បាល​ព្រឹក្ស ទទួល​បាយាស​ក្នុង​ទីនោះ ហើយ​ចូល​ទៅកាន់​ស្ទឹង​នេរ​ញ្ជ​រា។ ព្រះ​ជិនស្រី​អង្គ​នោះ នឹង​សោយ​បាយាស​ទៀប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា ហើយ​ស្តេច​ចូល​ទៅ​ទៀប​គល់​នៃ​ពោធិព្រឹក្ស តាមផ្លូវ​ដ៏​ប្រសើរ​ដែលគេ​តាក់តែង​ហើយ។ លំដាប់នោះ ព្រះ​មានយស​ធំ នឹង​ធ្វើ​ប្រទក្សិណ​នូវ​ពោធិ​មណ្ឌល​ដ៏​ប្រសើរ ហើយនឹង​ត្រាស់​ដឹង​ទៀប​គល់​នៃ​អស្សត្ថ​ព្រឹក្ស។ ព្រះមាតា​បង្កើត​របស់​ព្រះសម្ពុទ្ធ​អង្គ​នេះ នឹង​មាន​ព្រះនាម​មាយា ព្រះបិតា​ព្រះនាម​សុទ្ធោទនៈ ព្រះពុទ្ធអង្គ​នេះ ព្រះនាម​គោតម។
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637644672341536692
ទៅកាន់ទំព័រ៖