ព្រះត្រៃបិដក ភាគ ៧៧

ព្រះ​កោ​លិ​តៈ ១ ព្រះ​ឧបតិស្សៈ ១ ជា​អ្នក​មិន​មាន​អាសវៈ ប្រាសចាក​តម្រេក មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ នឹងជា​អគ្គសាវ័ក ភិក្ខុ​ជា​ឧបដ្ឋាក​ឈ្មោះ​អានន្ទ នឹង​បម្រើ​នូវ​ព្រះ​ជិនស្រី​អង្គ​នោះ។ នាង​ខេមា ១ នាង​ឧប្បល​វណ្ណា ១ ជា​អ្នក​មិន​មាន​អាសវៈ ប្រាសចាក​តម្រេក មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ នឹងជា​អគ្គសាវិកា។ ឈើ​សម្រាប់​ត្រាស់​ដឹង របស់​ព្រះមានព្រះភាគ​អង្គ​នោះ ហៅថា​អស្សត្ថ​ព្រឹក្ស ឧបាសក​ឈ្មោះ​ចិត្ត​គហបតី ១ ហត្ថា​ឡវក​គហបតី ១ នឹងជា​អគ្គ​ឧបដ្ឋាក។ ឧបាសិកា​ឈ្មោះ​នន្ទ​មាតា ១ ឧត្តរា ១ នឹងជា​អគ្គ​ឧបដ្ឋាយិកា ព្រះជន្មាយុ​ព្រះ​គោតម​មានយស​នោះ មានកំណត់ ១០០ ឆ្នាំ។ ទេវតា និង​មនុស្ស​ទាំងឡាយ លុះ​បាន​ស្តាប់​នូវ​ព្រះបន្ទូល​នេះ នៃ​ព្រះមហេសី មិន​មាន​បុគ្គល​ស្មើ ក៏​មានចិត្ត​ត្រេកអរ​ថា មាណព​នេះ ជា​ពូជ​ពន្លក​នៃ​ព្រះពុទ្ធ។
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637644672535130655
ទៅកាន់ទំព័រ៖