ព្រះត្រៃបិដក ភាគ ៧៧

សំឡេង​ហ៊ោ ក៏​ប្រព្រឹត្តទៅ មនុស្ស និង​ទាំង​ទេវតា​ទាំង​មួយ​ម៉ឺន​លោកធាតុ ក៏​ទះដៃ​សើច​ក្អាកក្អាយ ធ្វើ​អញ្ជលី​នមស្ការ​ថា បើ​ពួក​យើង​នឹង​ឃ្វាង​មគ្គផល ក្នុង​សាសនា​នៃ​ព្រះ​លោកនាថ​អង្គ​នេះ ក្នុង​កាល​ជា​អនាគត ពួក​យើង​នឹង​បានសម្រេច ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​គោតម​នេះ។ មនុស្ស​ទាំងឡាយ កាល​ឆ្លងស្ទឹង បើ​ឃ្វាង​កំពង់​នៅ​ទី​ចំពោះមុខ គង់​កាន់​យក​កំពង់​ខាងក្រោម ហើយ​ឆ្លងស្ទឹង​ធំ​បាន​ដែរ យ៉ាងណា។ ពួក​យើង​ទាំងអស់គ្នា បើ​ឃ្វាង​ព្រះ​ជិនស្រី​នេះ ក្នុង​កាល​ជា​អនាគត គង់​បានសម្រេច​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​គោតម​នេះ ក៏​យ៉ាងនោះ​ដែរ។ តថាគត​បាន​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះសម្ពុទ្ធ​អង្គ​នេះ​ហើយ បាន​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្រៃលែង បាន​អធិដ្ឋាន​វត្ត​ដ៏​លើសលុប ដោយ​ការ​បំពេញ​នូវ​បារមី ១០។ តថាគត បាន​រៀន​នូវ​ព្រះ​សូត្រ ព្រះ​វិន័យ និង​សត្ថុ​សាសនៈ ដែល​មាន​អង្គ ៩ ទាំងអស់ ហើយ​ញ៉ាំង​សាសនា​នៃ​ព្រះ​ជិនស្រី ឲ្យ​ល្អ​រុងរឿង។ តថាគត​ជា​អ្នក​មិន​ប្រមាទ​ក្នុង​សាសនា​នោះ កាល​តថាគត​នៅក្នុង​ទី​អង្គុយ ទី​ឈរ និង​ទី​ដើរ ក៏បាន​ដល់​អភិញ្ញា​បារមី ហើយ​ទៅ​កើត​ក្នុង​ព្រហ្មលោក។
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 637644672725599278
ទៅកាន់ទំព័រ៖