ព្រះត្រៃបិដក ភាគ ៧៧
ភិក្ខុនីឈ្មោះរាមា ១ ឈ្មោះសុរាមា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគនោះ ហៅថានិម្ពព្រឹក្ស (ដើមស្តៅ)។ ឧបាសកឈ្មោះឧរុវេលៈ ១ ឈ្មោះយសវៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះយសា ១ ឈ្មោះសិរិវា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមហាមុនី ទ្រង់មានកំពស់ ៨៨ ហត្ថក្រពុំ ទ្រង់ញ៉ាំងទិសទាំងពួងឲ្យភ្លឺ ដូចព្រះចន្ទ្ររុងរឿងកន្លងពួកផ្កាយ។ កែវមណីរបស់ស្តេចចក្រពត្តិ ភ្លឺរុងរឿងអស់ទីប្រមាណ ១ យោជន៍ យ៉ាងណា រតនៈ គឺពន្លឺនៃព្រះមានព្រះភាគនោះ តែងផ្សាយទៅកាន់ទីប្រមាណ ១ យោជន៍ ដោយជុំវិញ ក៏យ៉ាងនោះដែរ។ ព្រះជន្មាយុមានកំណត់ ៩ ម៉ឺនឆ្នាំគត់ ព្រះសុមេធៈអង្គនោះ កាលទ្រង់ព្រះជន្មាយុនៅដរាបនោះ តែងញ៉ាំងប្រជុំជនច្រើន ឲ្យឆ្លងចាកសង្សារ។ ព្រះសាសនានេះ កុះករដោយពួកព្រះអរហន្ត ដែលមានវិជ្ជា ៣ និងអភិញ្ញា ៦ ដល់នូវកម្លាំង ជាតាទិបុគ្គល។
ID: 637644673126380983
ទៅកាន់ទំព័រ៖