ព្រះត្រៃបិដក ភាគ ៧៧
ព្រះអរហន្តទាំងពួងនោះ សឹងតែមានយសរាប់មិនបាន សុទ្ធតែរួចផុតហើយ មិនមានឧបធិទាំងអស់ ព្រះអរហន្តទាំងនោះ មានយសធំ បានសម្តែងនូវពន្លឺ គឺព្រះញាណ ហើយបរិនិព្វានទៅ។ ព្រះពុទ្ធ ព្រះនាមសុមេធៈ ជាព្រះជិនស្រីប្រសើរ ទ្រង់និព្វាន ក្នុងមេធារាម ព្រះធាតុផ្សាយទៅក្នុងប្រទេសទាំងឡាយនោះៗ។
ចប់ សុមេធពុទ្ធវង្ស ទី១១។
សុជាតពុទ្ធវង្ស ទី១២
[១៣] ក្នុងមណ្ឌកប្បនោះឯង មានព្រះសម្មាសម្ពុទ្ធជានាយក ព្រះនាមសុជាតៈ ទ្រង់មានព្រះហនុកា ដូចជាចង្កានៃរាជសីហៈ ទ្រង់មានព្រះសុរង ដូចជាកនៃគោឧសភៈ ទ្រង់មានព្រះគុណប្រមាណមិនបាន គេគ្របសង្កត់មិនបាន។ ព្រះសម្ពុទ្ធដ៏បរិសុទ្ធ ប្រាសចាកមន្ទិល ដូចជាព្រះចន្ទ្រ មានតេជះដូចជាព្រះអាទិត្យ ភ្លឺរុងរឿងដោយព្រះសិរីសព្វៗកាល យ៉ាងនេះ។ ព្រះសម្ពុទ្ធ ទ្រង់ដល់នូវពោធិញ្ញាណ ដ៏ប្រសើរសព្វគ្រប់ហើយ ទ្រង់ញ៉ាំងព្រះធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងព្រះនគរឈ្មោះសុមង្គលៈ។
ID: 637644673420599349
ទៅកាន់ទំព័រ៖