ព្រះត្រៃបិដក ភាគ ៧៧
កាលព្រះលោកនាយក ព្រះនាមសុជាតៈ ទ្រង់សម្តែងនូវធម៌ដ៏ប្រសើរ សត្វទាំងឡាយចំនួនប្រមាណ ៨០ កោដិ បានសម្រេចមគ្គផល ក្នុងព្រះធម្មទេសនាជាដំបូង។ កាលណា ព្រះសម្ពុទ្ធ ព្រះនាមសុជាតៈ ទ្រង់មានយសរាប់មិនបាន ស្តេចចូលទៅកាន់ព្រះវស្សា ក្នុងទេវលោក កាលនោះ ការត្រាស់ដឹងនូវធម៌លើកទី ២ មានពួកសត្វ ៣៧ សែន។ កាលណា ព្រះពុទ្ធ ព្រះនាមសុជាតៈ រកបុគ្គលស្មើគ្មាន ស្តេចចូលទៅកាន់សំណាក់ព្រះរាជបិតា កាលនោះ ការត្រាស់ដឹងនូវធម៌ទី ៣ មានពួកសត្វ ៦០ សែន។ ព្រះសុជាតមហេសី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ ជាតាទិបុគ្គល ជាអ្នកដល់នូវអភិញ្ញា និងពលៈ ជាអ្នកមិនដល់ (នូវការកើត) ក្នុងភពតូច និងភពធំ គឺព្រះអរហន្តទាំងនោះ ប្រមាណ ៦០ សែន បានមកប្រជុំ ជាសន្និបាតលើកដំបូង។ តមកទៀត ការប្រជុំក្នុងកាលដែលព្រះជិនស្រី ទ្រង់ចុះចាកទេវលោក នេះជាសន្និបាតលើកទី ២ មានព្រះខីណាស្រពចំនួន ៥០ សែន។
ID: 637644673636536765
ទៅកាន់ទំព័រ៖