ព្រះត្រៃបិដក ភាគ ៧៧

សត្វ​នេះ នឹង​អង្គុយ​នៅ​ទៀប​គល់​អជ​បាល​ព្រឹក្ស ទទួល​នូវ​បាយាស​ក្នុង​ទីនោះ ហើយ​ចូល​ទៅកាន់​ស្ទឹង​នេរ​ញ្ជ​រា។ ព្រះ​ជិនស្រី​អង្គ​នោះ នឹង​សោយ​នូវ​បាយាស ទៀប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា ហើយ​ស្តេច​ចូល​ទៅ​ទៀប​គល់​ពោធិព្រឹក្ស តាមផ្លូវ​ដ៏​ប្រសើរ​ដែលគេ​តាក់តែង។ លំដាប់នោះ ព្រះ​មានយស​ធំ ធ្វើ​ប្រទក្សិណ​នូវ​ពោធិ​មណ្ឌល​ដ៏​ប្រសើរ ហើយ​ត្រាស់​ដឹង​ទៀប​គល់​អស្សត្ថ​ព្រឹក្ស។ ព្រះមាតា​បង្កើត​របស់​ព្រះសម្ពុទ្ធ​អង្គ​នេះ ព្រះនាម​មាយា ព្រះបិតា​ព្រះនាម​សុទ្ធោទនៈ ព្រះពុទ្ធអង្គ​នេះ ព្រះនាម​គោតម។ ព្រះ​កោ​លិ​តៈ ១ ព្រះ​ឧបតិស្សៈ ១ ជា​អ្នក​មិន​មាន​អាសវៈ ប្រាសចាក​តម្រេក មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ នឹងជា​អគ្គសាវ័ក ភិក្ខុ​ជា​ឧបដ្ឋាក​ឈ្មោះ​អានន្ទ នឹង​បម្រើ​នូវ​ព្រះ​ជិនស្រី​អង្គ​នេះ។ នាង​ខេមា ១ នាង​ឧប្បល​វណ្ណា ១ មិន​មាន​អាសវៈ ប្រាសចាក​តម្រេក មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ នឹងជា​អគ្គសាវិកា។
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637644674020911748
ទៅកាន់ទំព័រ៖