ព្រះត្រៃបិដក ភាគ ៧៧
ជាឫស្សីតែមួយដើម លូតលាស់ឡើងហើយ ឯមែកក៏បែកចេញអំពីដើមនោះជា ៥ មែក ឫស្សីនោះ ជាឈើល្អដូចជាបាច់នៃកន្ទុយក្ងោក ដែលគេចងល្អហើយដូច្នោះ។ ឫស្សីនោះ ជាឫស្សីឥតបន្លា ឥតប្រហោង មានមែកត្រសុំត្រសាយ ដេរដាសដោយមែក មានម្លប់ត្រឈៃ ជាទីរីករាយនៃចិត្ត។ ឧបាសកឈ្មោះសុទត្តៈ ១ ឈ្មោះចិត្តៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះនាងសុភទ្ទ្រា ១ នាងបទុមា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះជិនស្រីអង្គនោះ មានកំពស់ ៥០ ហត្ថក្រពុំ ទ្រង់ប្រកបដោយអាការៈប្រសើរគ្រប់យ៉ាង ទ្រង់ប្រកបដោយគុណទាំងពួង។ រស្មីនៃព្រះសម្ពុទ្ធអង្គនោះ ស្មើដោយរស្មីនៃព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ តែងផ្សាយចេញទៅក្នុងទីជុំវិញ ព្រះសម្ពុទ្ធនោះ មានព្រះគុណប្រមាណមិនបាន មានព្រះគុណថ្លឹងមិនបាន មិនមានឧបមាដោយសេចក្តីឧបមាទាំងឡាយឡើយ។ ព្រះជន្មាយុមានកំណត់ ៩០ ពាន់ឆ្នាំគត់ ព្រះពុទ្ធអង្គនោះ កាលគង់ព្រះជន្មាយុនៅដរាបនោះ តែងញ៉ាំងប្រជុំជនជាច្រើន ឲ្យឆ្លង (ចាកសង្សារ)។
ID: 637644674874193053
ទៅកាន់ទំព័រ៖