ព្រះត្រៃបិដក ភាគ ៧៧
ព្រះសម្ពុទ្ធអង្គនោះ ទ្រង់មានយសប្រមាណមិនបាន ទ្រង់រុងរឿងដូចជាព្រះអាទិត្យ ទ្រង់កំចាត់បង់នូវងងឹតទាំងពួង ទ្រង់ញ៉ាំងធម្មចក្រទាំងពួង ឲ្យប្រព្រឹត្តទៅ។ ព្រះពុទ្ធនោះ មានតេជះថ្លឹងមិនបាន មានការត្រាស់ដឹង ៣ លើក គឺការត្រាស់ដឹងទី ១ មានពួកសត្វមួយសែនកោដិ។ ទេវរាជព្រះនាមសុទស្សនៈ គាប់ព្រះទ័យនឹងមច្ឆាទិដ្ឋិ ព្រះសាស្តា កាលទ្រង់បន្ទោបង់នូវទិដ្ឋិ នៃសុទស្សនទេវរាជនោះ ទ្រង់បានសម្តែងធម៌។ ក្នុងកាលនោះ ការប្រជុំជនច្រើនថ្លឹងមិនបាន ជាការប្រជុំធំ ឈ្មោះថាត្រាស់ដឹងទី ២ មានពួកសត្វ ៩ ពាន់កោដិ។ ក្នុងកាលណា ព្រះពុទ្ធព្រះអង្គជាសារថី ទូន្មាននូវនរៈ ទ្រង់ទូន្មានដំរី ឈ្មោះទោណមុខៈ ក្នុងកាលនោះ ឈ្មោះថាត្រាស់ដឹងទី ៣ មានពួកសត្វ ៨០កោដិ។ ព្រះបិយទស្សីអង្គនោះ មានសាវកសន្និបាត ៣ លើក គឺសន្និបាតលើកទី ១ មានពួកព្រះអរហន្តមួយសែនកោដិ។
ID: 637644675399661741
ទៅកាន់ទំព័រ៖