ព្រះត្រៃបិដក ភាគ ៧៧
សត្វនេះ នឹងអង្គុយទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយទ្រង់ចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ នឹងទ្រង់សោយនូវបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចចូលទៅទៀបគល់នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេតាក់តែងហើយ។ លំដាប់នោះ ព្រះមានយសធំ នឹងធ្វើប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយត្រាស់ដឹងទៀបគល់នៃអស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតនៃព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ព្រះពុទ្ធអង្គនេះ ព្រះនាមគោតម។ ភិក្ខុឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ ជាអគ្គសាវ័ក ជាអ្នកមិនមានអាសវៈ អស់រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនោះ។ នាងខេមា ១ នាងឧប្បលវណ្ណា ១ ជាអគ្គសាវិកា ជាអ្នកមិនមានអាសវៈ អស់រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ។
ID: 637644675803255492
ទៅកាន់ទំព័រ៖