ព្រះត្រៃបិដក ភាគ ៧៧

ឈើ​សម្រាប់​ត្រាស់​ដឹង នៃ​ព្រះមានព្រះភាគ​នោះ គេ​ហៅថា​អស្សត្ថ​ព្រឹក្ស ឧបាសក​ឈ្មោះ​ចិត្ត​គហបតី ១ ឈ្មោះ​ហត្ថា​ឡវក​គហបតី ១ ជា​អគ្គ​ឧបដ្ឋាក។ ឧបាសិកា​ឈ្មោះ​នន្ទ​មាតា ១ ឧត្តរា ១ ជា​អគ្គ​ឧបដ្ឋាយិកា ព្រះជន្មាយុ​នៃ​ព្រះ​គោតម​មានយស​អង្គ​នោះ មានកំណត់ ១០០ ឆ្នាំ។ ទេវតា និង​មនុស្ស​ទាំងឡាយ លុះ​បាន​ស្តាប់​នូវ​ព្រះបន្ទូល​នេះ នៃ​ព្រះមហេសី រក​បុគ្គល​ស្មើ​គ្មាន ក៏​ត្រេកអរ​ថា មាណព​នេះ ជា​ពូជ​ពន្លក​នៃ​ព្រះពុទ្ធ។ សំឡេង​ហ៊ោ ក៏​ប្រព្រឹត្តទៅ មនុស្ស និង​ទាំង​ទេវតា ទាំង​មួយ​ម៉ឺន​លោកធាតុ ក៏​ទះដៃ​សើច​ក្អាកក្អាយ ធ្វើ​អញ្ជលី​នមស្ការ​ថា បើ​ពួក​យើង​នឹង​ឃ្វាង​មគ្គផល​ក្នុង​សាសនា​នៃ​ព្រះ​លោកនាថ​អង្គ​នេះ ក្នុង​កាល​ជា​អនាគត ពួក​យើង​គង់​បានសម្រេច​មគ្គផល ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​គោតម​នេះ​មិនខាន។ មនុស្ស​ទាំងឡាយ កាល​នឹង​ឆ្លងស្ទឹង បើ​ឃ្វាង​នូវ​កំពង់​ក្នុង​ទី​ចំពោះមុខ​ហើយ គង់​កាន់​យក​កំពង់​ខាងក្រោម ហើយ​ឆ្លងស្ទឹង​ធំ​បាន​ដែរ យ៉ាងណា។
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 637644676059505414
ទៅកាន់ទំព័រ៖