ព្រះត្រៃបិដក ភាគ ៧៧
ព្រះមហាមុនី ព្រះនាមបិយទស្សី ជាព្រះមហាវីរបុរស ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧសភឧទ្យាន ជាទីរីករាយនៃចិត្ត។ ភិក្ខុឈ្មោះបាលិតៈ ១ ឈ្មោះសព្វទស្សី ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះសោភិតៈ ជាឧបដ្ឋាកនៃព្រះសាស្តា ព្រះនាមបិយទស្សី។ ភិក្ខុនីឈ្មោះ សុជាតា ១ ឈ្មោះធម្មទិន្នា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគនោះ គេហៅថាកកុធព្រឹក្ស(ដើមថ្ងាន់)។ ឧបាសកឈ្មោះសន្ទកៈ ១ ធម្មិកៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះនាងវិសាខា ១ ឈ្មោះនាងធម្មទិន្នា ១ ជាអគ្គឧបដ្ឋាយិកា ព្រះពុទ្ធអង្គនោះ ទ្រង់មានយសរាប់មិនបាន មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ មានកម្ពស់ ៨០ ហត្ថ ទ្រង់ប្រាកដដូចជាស្តេចនៃឈើឈ្មោះសាលព្រឹក្ស។ រស្មីនៃភ្លើង រស្មីនៃព្រះចន្ទ្រ និងរស្មីនៃព្រះអាទិត្យ ប្រាកដដូចជារស្មីនៃព្រះពុទ្ធមហេសី ដែលរកបុគ្គលស្មើគ្មាននោះ មិនមានឡើយ។
ID: 637644676466849246
ទៅកាន់ទំព័រ៖