ព្រះត្រៃបិដក ភាគ ៧៧
ព្រះសម្ពុទ្ធ ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ហើយញ៉ាំងមនុស្ស និងទេវតា ទាំងមួយម៉ឺនលោកធាតុ ឲ្យឆ្អែតដោយទឹកអម្រឹត។ ព្រះលោកនាថអង្គនោះ មានការត្រាស់ដឹង ៣ លើក គឺការត្រាស់ដឹងលើកទី ១ មានពួកសត្វចំនួនមួយសែនកោដិ។ ការត្រាស់ដឹងលើកទី ២ មានពួកសត្វចំនួនមួយសែនកោដិ ក្នុងកាលដែលព្រះពុទ្ធ ទ្រង់ព្រះនាមអត្ថទស្សី ទ្រង់ត្រាច់ទៅកាន់ទេវចារិក។ តមក ការត្រាស់ដឹងលើកទី ៣ មានពួកសត្វចំនួនមួយសែនកោដិ ក្នុងកាលដែលព្រះពុទ្ធជាម្ចាស់ ទ្រង់សម្តែងព្រះធម៌ ក្នុងសំណាក់ព្រះបិតា។ ព្រះមហេសីអង្គនោះ មានសាវកសន្និបាត (ការជួបជុំសាវ័ក) ៣ លើក ដែលសុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានព្រះទ័យស្ងប់ ប្រកបដោយតាទិគុណ គឺសន្និបាតលើកទី ១ មានពួកព្រះខីណាស្រព ចំនួន ៩៨ ពាន់អង្គ សន្និបាតលើកទី ២ មានពួកព្រះខីណាស្រព ចំនួន ៨៨ ពាន់អង្គ។
ID: 637644676972006167
ទៅកាន់ទំព័រ៖