ព្រះត្រៃបិដក ភាគ ៧៧
ព្រះជិនស្រីអង្គនោះ នឹងសោយមធុបាយាសទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅទៀបគល់នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែងហើយ។ លំដាប់នោះ ព្រះមានយសធំ នឹងធ្វើប្រទក្សិណពោធិមណ្ឌល ហើយត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ទៀបគល់អស្សត្ថព្រឹក្ស។ ព្រះជននីនៃព្រះពោធិសត្វនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ បុរសនេះ នឹងជាព្រះពុទ្ធព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក ជាអ្នកមិនមានអាសវៈ អស់រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ ព្រះខេមាថេរី ១ ព្រះឧប្បលវណ្ណាថេរី ១ នឹងជាអគ្គសាវិកា ជាអ្នកមិនមានអាសវៈ អស់រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ។ ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស គហបតីឈ្មោះចិត្តៈ ១ គហបតីឈ្មោះហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។
ID: 637644677379661694
ទៅកាន់ទំព័រ៖