ព្រះត្រៃបិដក ភាគ ៧៧
នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសអង្គនោះ ទ្រង់មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់ព្រះពុទ្ធដីកានេះ នៃព្រះមហេសី ទ្រង់ស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើហើយ ក៏រីករាយថា បុរសនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស ព្រមទាំងទេវតា ទាំងមួយម៉ឺនលោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើយើងនឹងឃ្វាងមគ្គផលក្នុងសាសនានៃព្រះលោកនាថអង្គនេះ ពួកយើងគង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខហើយ គង់នឹងទៅកាន់កំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណាមិញ។ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ ក៏គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនេះ ក្នុងកាលជាអនាគត យ៉ាងនោះដែរ។
ID: 637644677581536662
ទៅកាន់ទំព័រ៖