ព្រះត្រៃបិដក ភាគ ៧៧

លុះ​តថាគត​បាន​ស្តាប់​ភាសិត​នៃ​ព្រះ​លោកនាថ​អង្គ​នោះ​ហើយ ក៏​មានចិត្ត​ត្រេកអរ មានចិត្ត​តក់ស្លុត ខំ​អធិដ្ឋាន​វត្ត​តទៅទៀត ដើម្បី​បំពេញ​បារមី ១០ ប្រការ។ ព្រះមហេសី ព្រះនាម​អត្ថ​ទស្សី មាន​ទីក្រុង​ឈ្មោះ​សោភណៈ មាន​ព្រះមហាក្សត្រ ព្រះនាម​សាគ​រៈ (ជា​ព្រះបិតា) មាន​ព្រះ​ជននី ព្រះនាម​សុ​ទស្សនា។ ព្រះ​អត្ថ​ទស្សី​អង្គ​នោះ ទ្រង់​គ្រង​គេហដ្ឋាន អស់ ៩ ០០០ឆ្នាំ មាន​ប្រាសាទ​ប្រសើរ ៣ ខ្នង គឺ​ប្រាសាទ​ឈ្មោះ​អមរ​គិ ១ ប្រាសាទ​ឈ្មោះ​សុរ​គិ ១ ប្រាសាទ​ឈ្មោះ​គិរិ​ពាហនៈ ១។ នារី ៣៣ ០០០ រូប សឹង​ប្រដាប់​យ៉ាង​សមសួន ព្រះ​នារី (ជា​អគ្គមហេសី) នោះ ព្រះនាម​វិសាខា ព្រះរាជបុត្រ ព្រះនាម​សេ​លៈ។ ព្រះ​ជិនស្រី ទ្រង់​ឃើញ​និមិត្ត ៤ យ៉ាង ហើយ​ទ្រង់​ស្តេច​ចេញទៅ​ដោយ​យាន​សេះ តំ​កល់​ព្យាយាម អស់ ៨ ខែ​គត់។ ព្រះ​អត្ថ​ទស្សី​មានយស​ធំ មាន​ព្យាយាម​ធំ ឧត្តម​ជាង​ជន ត្រូវ​ព្រហ្ម​អារាធនា​ហើយ ទើប​ទ្រង់​ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​ឧទ្យាន​ដ៏​ថ្លៃថ្លា។
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637644677776225121
ទៅកាន់ទំព័រ៖