ព្រះត្រៃបិដក ភាគ ៧៧

ព្រះមហេសី ព្រះនាម​អត្ថ​ទស្សី មាន​អគ្គសាវ័ក ២ អង្គ គឺ​ព្រះ​សន្តៈ ១ ព្រះ​ឧប​សន្តៈ ១ មាន​ភិក្ខុ​ជា​ឧបដ្ឋាក ឈ្មោះ​អភយៈ។ មាន​ព្រះ​ថេរី​ឈ្មោះ​ធម្មា ១ សុធម្មា ១ ជា​អគ្គសាវិកា ឈើ​សម្រាប់​ត្រាស់​ដឹង នៃ​ព្រះមានព្រះភាគ​នោះ គេ​ហៅថា ចម្បក​ព្រឹក្ស។ ឧបាសក​ឈ្មោះ​នកុ​ឡៈ ១ ឈ្មោះ​និ​សភៈ ១ ជា​អគ្គ​ឧបដ្ឋាក នាង​មកិ​លា ១ នាង​សុនន្ទា ១ ជា​អគ្គ​ឧបដ្ឋាយិកា។ ឯព្រះពុទ្ធអង្គ​នោះ ទ្រង់​ស្មើដោយ​ព្រះពុទ្ធ ដែល​មិន​មាន​បុគ្គល​ស្មើ មាន​កំពស់ ៨០ ហត្ថ ទ្រង់​រុងរឿង​ហាក់ដូច​ដើម​សាល​រាជព្រឹក្ស ឬដូច​ព្រះចន្ទ្រ​ពេញវង់។ រស្មី​ជាប្រក្រតី​នៃ​ព្រះពុទ្ធអង្គ​នោះ ច្រើន​រយ​កោដិ តែង​ផ្សាយ​ទៅកាន់​ទិស​ទាំង ១០ ទាំង​ខាងលើ ទាំង​ខាងក្រោម ចម្ងាយ​មួយ​យោជន៍ សព្វៗកាល។ ម៉្យាងទៀត ព្រះពុទ្ធអង្គ​នោះ ប្រសើរ​ជាង​ជន ខ្ពង់ខ្ពស់​ជាង​សត្វ​ទាំងពួង ជា​អ្នកប្រាជ្ញ មាន​បញ្ញាចក្ខុ ឋិតនៅ​ក្នុង​មនុស្សលោក​អស់​មួយ​សែន​ឆ្នាំ។
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637644677964818043
ទៅកាន់ទំព័រ៖