ព្រះត្រៃបិដក ភាគ ៧៧
ការត្រាស់ដឹងលើកទី ២ មានសត្វចំនួន ៩០ កោដិ ក្នុងកាលដែលព្រះពុទ្ធព្រះនាមធម្មទស្សី ទ្រង់ទូន្មានឥសី ឈ្មោះសញ្ជយៈ។ ការត្រាស់ដឹងលើកទី ៣ មានសត្វចំនួន ៨០ កោដិ ក្នុងកាលដែលសក្កទេវរាជ ព្រមទាំងបរិស័ទ ចូលទៅគាល់ព្រះធម្មទស្សី ទ្រង់ជានាយក។ ព្រះធម្មទស្សីនោះ ជាទេវតាក្រៃលែងជាងទេវតា មានសាវកសន្និបាត ៣ លើក សុទ្ធតែជាព្រះខីណាស្រព មានមន្ទិលទៅប្រាសហើយ មានព្រះទ័យស្ងប់ ប្រកបដោយតាទិគុណ។ សន្និបាតលើកទី ១ មានព្រះខីណាស្រពមួយពាន់កោដិ ក្នុងវេលាដែលព្រះពុទ្ធ ព្រះនាមធម្មទស្សី ទ្រង់ចូលទៅកាន់វស្សា ក្នុងអារាមឈ្មោះសរណៈ។ សន្និបាតលើកទី ២ មានព្រះខីណាស្រពចំនួន ១០០ កោដិ ក្នុងវេលាដែលព្រះពុទ្ធជាម្ចាស់ ស្តេចចុះចាកទេវលោក មកកាន់មនុស្សលោក។ មួយទៀត សន្និបាតលើកទី ៣ មានព្រះខីណាស្រព ចំនួន ៨០ កោដិ ក្នុងវេលាដែលព្រះពុទ្ធ ទ្រង់ប្រកាសនូវធុតង្គគុណទាំងឡាយ។
ID: 637644678492317944
ទៅកាន់ទំព័រ៖