ព្រះត្រៃបិដក ភាគ ៧៧
ក្នុងសម័យនោះ តថាគតកើតជាព្រះឥន្ទ្រ ឈ្មោះបុរិន្ទទៈ បានបូជាព្រះពុទ្ធជាម្ចាស់ ដោយគ្រឿងក្រអូប ផ្កាកម្រង និងតូរ្យតន្ត្រីទិព្វ។ ព្រះពុទ្ធអង្គនោះ ទ្រង់គង់ចំកណ្តាលពួកទេវតា ហើយព្យាករតថាគតថា ក្នុងកប្បទី ១.៨០០ ទេវរាជនេះ នឹងបានត្រាស់ដឹងជាព្រះពុទ្ធ។ សត្វនេះ នឹងចេញពីបុរី ជាទីគួរត្រេកអរ ឈ្មោះកបិលពស្តុ ទៅតំកល់ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅឯស្ទឹងនេរញ្ជរា។ ព្រះពុទ្ធជិនស្រីអង្គនោះ បានឆាន់បាយាសទៀបឆ្នេរស្ទឹងនេរញ្ជរាហើយ នឹងត្រឡប់ទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។ លំដាប់នោះ ព្រះជិនស្រីមានយសធំ នឹងធ្វើប្រទក្សិណពោធិមណ្ឌៈដ៏ប្រសើរ ហើយត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។
ID: 637644678684036754
ទៅកាន់ទំព័រ៖