ព្រះត្រៃបិដក ភាគ ៧៧

ឃើញ​ព្រះ​លោកនាយក រុងរឿង​ដូច​ឈើ​ប្រចាំ​ទ្វីប ដូច​ផ្លេកបន្ទោរ​ឰដ៏​អាកាស ឬដូច​ព្រះអាទិត្យ​ត្រង់​ជាក់។ ភិក្ខុ​ទាំង ៥០០ រូប ឃើញ​ព្រះ​លោកនាយក ទ្រង់​ថ្លា​ស្អាត ដូច​អន្លង់​ទឹក ឬដូច​ផ្កាឈូក​ដែល​រីក​ស្គុះស្គាយ ក៏​ត្រេកអរ ស្រស់ស្រាយ រីករាយ ហើយ​ផ្គង​អញ្ជលី ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា ដ៏​ប្រដាប់ដោយ​លក្ខណៈ​នៃ​ចក្រ​របស់​ព្រះ​សាស្តា។ ព្រះ​សារីបុត្រ មាន​ប្រាជ្ញា​ច្រើន ប្រាកដ​ស្មើដោយ​ផ្កាស្មៅ​កន្ទុយដំរី ជា​អ្នក​ឈ្លាស​ក្នុង​សមាធិ និង​ឈាន ក្រាប​ថ្វាយបង្គំ​នូវ​ព្រះ​លោកនាយក។ ព្រះ​មោគ្គល្លាន មាន​ឫទ្ធិ​ច្រើន ឥតមាន​បុគ្គល​ស្មើដោយ​កម្លាំង​នៃ​ឫទ្ធិ ប្រាកដ​ស្មើដោយ​ផ្កា​ឧប្បល​ខៀវ ប្រៀប​ដូចជា​កាល​មេឃ​គំ​ទរ។ ព្រះ​មហា​កស្សប​ត្ថេ​រ រុងរឿង​ដូចជា​មាស ដែល​ព្រះ​សាស្តា​សរសើរ លើក​តម្កើង​តំ​កល់​ក្នុង​ឋានៈ​ដ៏​ប្រសើរ ខាង​ធុតង្គ​គុណ។ ឯព្រះ​អនុ​រុទ្ធ ជា​អ្នក​ប្រសើរ​ជាង​ពួក​បុគ្គល​មាន​ចក្ខុ​ទិព្វ មាន​ពួក​ច្រើន ជា​អ្នក​ប្រសើរ​ក្នុង​ញាតិ ឋិតនៅ​ក្នុង​ទី​ជិត​ព្រះមានព្រះភាគ។
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 637644645459640056
ទៅកាន់ទំព័រ៖