ព្រះត្រៃបិដក ភាគ ៧៧
ព្រះជននីនៃព្រះតថាគតនេះ ព្រះនាមមាយាទេវី ព្រះបិតាព្រះនាមសុទ្ធោទនៈ ទេវរាជនេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក ជាអ្នកមិនមានអាសវៈ មានរាគៈអស់ហើយ មានចិត្តស្ងប់រម្ងាប់ មានចិត្តតំកល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ ព្រះខេមាថេរី ១ ព្រះឧប្បលវណ្ណាថេរី ១ នឹងជាអគ្គសាវិកា ជាអ្នកមិនមានអាសវៈ មានរាគៈអស់ហើយ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ។ ដើមឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ឈ្មោះហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា លុះបានស្តាប់ព្រះពុទ្ធដីកានេះ នៃព្រះមហេសី ឥតមានបុគ្គលស្មើ ក៏រីករាយថា ព្រះឥន្ទនេះ ជាពូជពន្លកនៃព្រះពុទ្ធ។
ID: 637644678891224490
ទៅកាន់ទំព័រ៖