ព្រះត្រៃបិដក ភាគ ៧៧
សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស ព្រមទាំងទេវតា ទាំងមួយហ្មឺនលោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងឃ្វាងមគ្គផលក្នុងសាសនា នៃព្រះលោកនាថអង្គនេះ ពួកយើងគង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្ស កាលនឹងឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណាមិញ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតម ក្នុងកាលជាអនាគតមិនខាន យ៉ាងនោះឯង។ តថាគត លុះបានស្តាប់ភាសិតនៃព្រះជិនស្រីអង្គនោះហើយ ក៏ញុំាងចិត្តឲ្យជ្រះថ្លាក្រៃលែង បានអធិដ្ឋានវត្តតទៅ ដើម្បីបំពេញបារមីទាំង ១០។ ព្រះសាស្តា ព្រះនាមធម្មទស្សី មានទីក្រុងឈ្មោះសរណៈ មានព្រះមហាក្សត្រ ព្រះនាមសរណៈ ជាព្រះបិតា មានព្រះជននី ព្រះនាមសុនន្ទា។
ID: 637644689949370682
ទៅកាន់ទំព័រ៖