ព្រះត្រៃបិដក ភាគ ៧៧

ព្រះ​ឧបាលិ អ្នក​ឈ្លាស​ក្នុង​អាបត្តិ និង​អនាបត្តិ ទាំង​អាបត្តិ​នៅ​កែ​បាន ដែល​ព្រះ​សាស្តា​សរសើរ​តាំង​ទុក​ថា ជា​អ្នក​ប្រសើរ​ខាង​វិន័យ។ ភិក្ខុ​ជា​កូន​នៃ​នាង​មន្តា​នី ប្រាកដ​នាម​ថា បុ​ណ្ណៈ អ្នក​ចាក់ធ្លុះ​នូវ​អត្ថ​ដ៏​ល្អិតល្អន់ ប្រសើរ​ជាង​ពួក​ធម្មកថិក​ជា​អ្នកមាន​ពួក។ ព្រះ​មុនី​ទ្រង់​ឈ្លាស​ក្នុង​ពាក្យឧបមា ទ្រង់​ជ្រាប​នូវ​ចិត្ត​នៃ​ភិក្ខុ​ទាំងឡាយ​នុ៎ះ ទ្រង់​មាន​ព្យាយាម​ធំ កាត់​នូវ​សេចក្តី​សង្ស័យ ទ្រង់​សម្តែង​នូវ​គុណ​របស់​ព្រះអង្គ។ ទីបំផុត​នៃ​អសង្ខេយ្យ​ទាំងឡាយ​ណា ដែល​បុគ្គល​ដឹង​មិនបាន អសង្ខេយ្យ​ទាំងនោះ មាន ៤ ប្រការ អសង្ខេយ្យ​ទាំង​នុ៎ះ គឺ​ពួក​សត្វ ១ អាកាស ១ ចក្កវាឡ​មិន​មាន​ទីបំផុត ១ ពុទ្ធញ្ញាណ​ដែល​ប្រមាណ​មិនបាន ១ បុគ្គល​មិន​អាច​ដឹង​បាន​ឡើយ។ (ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា) ការដែល​តថាគត​ធ្វើ​ឫទ្ធិ​ប្លែកៗណា ការ​ធ្វើ​ឫទ្ធិ​ប្លែកៗនុ៎ះ នឹង​ទុកជា​ហេតុ​អស្ចារ្យ​ក្នុង​លោក ដូចម្តេច​បាន ព្រោះ​ហេតុ​ជា​អស្ចារ្យ​ចម្លែក គួរ​ព្រឺរោម​ដទៃទៀត នៅ​មាន​ច្រើន។
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 637644645661671374
ទៅកាន់ទំព័រ៖