ព្រះត្រៃបិដក ភាគ ៧៧

តិ​ស្ស​ពុទ្ធវង្ស ទី១៧


 [១៨] ក្រោយពី​ព្រះពុទ្ធ ព្រះនាម​សិទ្ធត្ថៈ​មក មាន​ព្រះពុទ្ធ ព្រះនាម​តិស្សៈ ជានា​យក​ដ៏​ប្រសើរ​ក្នុង​លោក ទ្រង់​មិន​មាន​បុគ្គល​ស្មើ មិន​មាន​បុគ្គល​ប្រៀបផ្ទឹម​បាន មាន​សីល​រក​ទីបំផុត​គ្មាន មានយស​រាប់​ពុំ​បាន ទ្រង់​មាន​សេចក្តី​អាណិតអាសូរ មាន​ព្យាយាម​ធំ មាន​ចក្ខុ ទ្រង់​កើតឡើង​ក្នុង​លោក កំចាត់​បង់​ងងឹត​អន្ធការ ញ៉ាំង​លោក​នេះ ព្រមទាំង​ទេវលោក ឲ្យ​ភ្លឺស្វាង​ហើយ។ ព្រះពុទ្ធអង្គ​នោះ ទ្រង់​មាន​ឫទ្ធិ​ថ្លឹង​ពុំ​បាន មាន​សីល​សមាធិ​ថ្លឹង​ពុំ​បាន ព្រះអង្គ​សម្រេច​នូវ​បារមី​ក្នុង​ធម៌​ទាំងពួង ហើយ​ទ្រង់​ញ៉ាំង​ចក្រ គឺ​ធម៌​ឲ្យ​ប្រព្រឹត្តទៅ។ ព្រះពុទ្ធ​នោះ ទ្រង់​បញ្ចេញ​ព្រះសូរសៀង​ដ៏​ជ្រះ​ស្អាត​ល្អ ក្នុង​លោកធាតុ​មួយ​ហ្មឺន ពួក​សត្វ​ទាំង​មួយ​រយ​កោដិ សឹង​បាន​ត្រាស់​ដឹង ក្នុង​ការ​សម្តែង​ធម៌​លើក​ទី ១។ ការ​ត្រាស់​ដឹង​លើក​ទី ២ មាន​ពួក​សត្វ ៩០ កោដិ ការ​ត្រាស់​ដឹង​លើក​ទី ៣ មាន​ពួក​សត្វ ៦០ កោដិ ពេលនោះ ព្រះសម្ពុទ្ធ​នោះ ទ្រង់​ដោះមនុស្ស និង​ទេវតា ដែល​មកដល់ ឲ្យ​រួចចាក​ចំណង​គឺ​មារ។
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 637644692212339486
ទៅកាន់ទំព័រ៖