ព្រះត្រៃបិដក ភាគ ៧៧
ព្រះតិស្សមហេសី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធសឹងតែជាពួកព្រះខីណាស្រព មិនមានមន្ទិល គឺកិលេស មានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ។ សន្និបាតលើកទី ១ មានព្រះខីណាស្រពមួយសែនអង្គ សន្និបាតលើកទី ២ មានព្រះខីណាស្រព ៩០ សែនអង្គ។ សន្និបាតលើកទី ៣ មានព្រះខីណាស្រព ៨០ សែនអង្គ សុទ្ធតែជាអ្នកអស់អាសវៈ ឥតមានមន្ទិលគឺកិលេស រីកហើយដោយវិមុត្តិ។ គ្រានោះ តថាគតជាក្សត្រនាមសុជាតៈ លះចោលភោគៈដ៏ច្រើន ហើយទៅបួសជាឥសី។ កាលដែលតថាគតបួសស្រេចហើយ ព្រះលោកនាយកទ្រង់កើតឡើង តថាគតកើតមានបីតិ ព្រោះបានស្តាប់សំឡេងថា ព្រះពុទ្ធ។ តថាគតបានកាន់យកផ្កាមន្ទារវព្រឹក្ស ផ្កាឈូក និងផ្កាបរិច្ឆត្តកព្រឹក្សជាទិព្វ ដោយដៃទាំងពីរ ជជុះរលាស់ ហើយចូលទៅគាល់។
ID: 637644692434370660
ទៅកាន់ទំព័រ៖