ព្រះត្រៃបិដក ភាគ ៧៧

ព្រះ​ជននី​នៃ​ព្រះ​ពុទ្ធេ​នេះ ព្រះនាម​មាយា ព្រះបិតា ព្រះនាម​សុទ្ធោទនៈ តាបស​នេះ នឹង​បាន​ជា​ព្រះពុទ្ធ ព្រះនាម​គោតម។ ព្រះ​កោ​លិ​តៈ ១ ឧបតិស្សៈ ១ នឹងជា​អគ្គសាវ័ក សុទ្ធតែ​មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ ភិក្ខុ​ជា​ឧបដ្ឋាក​ឈ្មោះ​អានន្ទ នឹង​បម្រើ​ព្រះ​ជិនស្រី​អង្គ​នេះ។ នាង​ខេមា​ថេរី ១ នាង​ឧប្បល​វណ្ណា​ថេរី ១ នឹងជា​អគ្គសាវិកា សុទ្ធតែ​មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ។ ដើមឈើ​សម្រាប់​ត្រាស់​ដឹង នៃ​ព្រះមានព្រះភាគ​អង្គ​នោះ គេ​ហៅថា អស្សត្ថ​ព្រឹក្ស ចិត្ត​គហបតី ១ ហត្ថា​ឡវក​គហបតី ១ ជា​អគ្គ​ឧបដ្ឋាក។ នន្ទ​មាតា​ឧបាសិកា ១ ឧត្តរា​ឧបាសិកា ១ ជា​អគ្គ​ឧបដ្ឋាយិកា ព្រះ​គោតម​មានយស​អង្គ​នោះ ទ្រង់​មាន​ព្រះជន្មាយុ ១០០ ឆ្នាំ។ ពួក​មនុស្ស និង​ទេវតា បាន​ស្តាប់​នូវ​ព្រះពុទ្ធដីកា​នេះ នៃ​ព្រះមហេសី ទ្រង់​ឥតមាន​បុគ្គល​ស្មើ ហើយ​រីករាយ​ថា តាបស​នេះ​ជា​ពូជ​ពន្លក​នៃ​ព្រះពុទ្ធ។
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637644693288901911
ទៅកាន់ទំព័រ៖